ទំព័រដើម ព័ត៌មានជាតិ ពលរដ្ឋបីនាក់រងរបួសដោយសារសត្វខ្ទីងវ័ធនៅឧត្តរមានជ័យ

ពលរដ្ឋបីនាក់រងរបួសដោយសារសត្វខ្ទីងវ័ធនៅឧត្តរមានជ័យ

សន្តិសុខសង្គម

0 មត្តិ

ឧត្តរមានជ័យ÷ ពលរដ្ឋប្រុសស្រីយ៉ាងហោចណាស់បីនាក់បានរងរបួសធ្ងន់ស្រាលដោយសារសត្វខ្ទីងមួយក្បាលចេញពីក្នុងព្រៃមកវធ័ កាលពីថ្ងៃទី៣០ខែមិនាឆ្នាំ២០២២ ខណៈអ្នកស្រុកកំពុងតែ ដកដំឡូងមីក្នុងដីចំការមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ។

សត្វខ្ទីងមួយក្បាលខាងលើត្រូវបានប្រភពរាយការមកថាជាសត្វមានប្រភពមិនច្បាស់លាស់សង្ស័យវារត់គេចចេញមកពីប្រទេសជិតខាងហើយមកសម្ងំនៅក្នុងព្រៃម្នាក់ឯង ស្របពេលវាឮសម្លេងមនុស្ស ស្រែកហៅគ្នីគ្នាទើបវាចេញពីព្រៃរបោះសំដៅមករកមនុស្សកំពុងតែដកដំឡូង ក្នុងដីចំការស្ថិតក្នុងភូមិសិទ្ធិសេរីចាស់ ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

អ្នកភូមិថាសត្វនោះបានរត់មកសំដៅហ្វូងមនុស្សតែម្តង ដែលជាហេតុធ្វើឲ្យពួកគាត់ពិបាករត់គេចរកកន្លែងមានសុវត្ថិភាពទាន់ពេល។ ក្រោយពីវាបានវធ័មនុស្សហើយ វាបានរត់គេចខ្លួនចូលក្នុងព្រៃវិញបាត់ស្រមោលតែម្តងចំណែកអ្នកភូមិដែលរងរបួសបានទូរស័ព្ទ ទៅប្រាប់អ្នកផ្ទះឲ្យមកជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែក ដើម្បីព្យាបាលរបួស ។

ស្ត្រីម្នាក់ដែលរងរបួសដោយសារសត្វខ្ទីងវ័ធនោះ បានឲ្យដឹងថា ដំបូងឡើយគាត់បានរត់សំដៅឡើងលើដើមឈើ ដើម្បីគេចឲ្យផុតសត្វព្រៃនោះ ពេលដែលគាត់បានឡើងដើមឈើមិនទាន់ស្រួលផងវាបានមកដល់ក្រោមដើមឈើនោះភ្លាមគាត់ភ័យខ្លាំងណាស់គិតថាមិនរស់ជីវិតផង ព្រោះសត្វខ្ទីង វានៅនឹងមុខគាត់ តែត្រូវសម្លេងស្រែកយំ ពីអ្នកផ្សេងទៀត ធ្វើឲ្យវាខ្លាចហើយបានរត់ចេញតែម្តង ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខាងលើ កំពុងតែព្រួយបារម្ភខ្លាចសត្វខ្ទីងនោះចេញមកយាយីដល់អាយុជីវិតរបស់ពួកគាត់ទៀត ។

ពលរដ្ឋបានស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ចាត់កម្លាំងមន្ត្រីជំនាញ ដើម្បីធ្វើយ៉ាងណាចាប់សត្វព្រៃនោះឲ្យបាន ពុំនោះទេ សត្វសាហាវនោះនឹងបន្តវធ័ឲ្យអ្នកស្រុករងរបួសជាបន្តបន្ទាប់ជាមិនខាន ៕

អត្ថបទពាក់ព័ន្ធ