ឧត្តរមានជ័យ÷ប្រាសាទតាក្របីឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរនាសតវត្សទី១១ ដល់ទី១៣ក្នុងរាជព្រះបាទសូរ្យវ្មន័ទី២ និង ព្រះបាទឧទ័យាទិត្យវ្មន័ទី២ ។
ការកសាងប្រាង្គប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរ្យ ដូចគ្នាទៅនិង ប្រាសាទព្រះវិហារប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកដូចគ្នា ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204125059-scaled.jpg)
ប្រាង្គប្រាសាទតាក្របី
ប្រាសាទតាក្របីមានទីតាំងស្ថិតក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការ ចូលទន្ទ្រានកាន់កាប់ របស់ពួកទាហានសៀមកំឡុងឆ្នាំ២០០៨ ក្នុងនោះកងទាហានកម្ពុជា និងថៃ មានការបាញ់ប្រយុទ្ធគ្នាដណ្តើមគ្រប់គ្រងប្រាសាទតាក្របីនេះ ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204124834-1-scaled.jpg)
ខឿនខាងលិចប្រាសាទតាក្របី
ប្រាសាទតាក្របីមានចម្ងាយប្រមាណ៨៥គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវចាក់បេតុងចេញពីទីប្រជុំជន ក្រុងសំរោងតាមទិសខាងលិចនៅតាមផ្លូវមានចំការ អ្នកស្រុក កំពុងតែបង្កបង្កើនផលដំណាំកសិកម្មឈើហូបផ្លែ។ នៅលើប្រាសាទតាក្របីមានទាហានថៃ និងទាហានខ្មែរ យាម បោះតង់ល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅគៀក ព្រំប្រទល់កម្ពុជា-ថៃ។នៅលើប្រាសាទតាក្របីមានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទទិសខាងលិច ។ ចំណែកនៅក្បែរនោះដែរ ទាហានខ្មែរចំនួន២នាក់ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីការពារឈាមប្រាសាទ ។ ក្រុមទាហានខ្មែរ និងថៃទាំង៤នាក់នោះ មិនមានឃើញកាន់អាវុធក្នុងដៃនោះឡើយ ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204124834-scaled.jpg)
ប្រាសាទតាក្របីទិសខាងលិច
ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។ ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទនិងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាននិងកន្លែងណា ដែលមិនអាចទៅបាន ព្រោះទីនោះជាតំបន់គ្រប់គ្រងដោយកងទាហាន ។យោងតាមប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ កេរ្តិ៍តំណែលរបស់ បុព្វដូនតាខ្មែរ ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204124821_BURST001_COVER-scaled.jpg)
ពលរដ្ឋខ្មែរទៅទស្សនាប្រាសាទ
លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថាតាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១និង១២ដើម្បីឧទ្ទិសដល់ព្រះឥសូរ ។
លោក សំបូរ មាណ្ណារ៉ា៖ ចំពោះទស្សនៈនៃការកសាងប្រាសាទជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពព្រះឥសូរ គឺគេឲ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឲ្យតម្លៃទៅលើព្រះវិស្ណុក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះព្រះឥសូរច្រើនជាងប្រាសាទតាក្របីមានឈ្មោះពិតតាមទស្សនខ្មែរឈ្មោះប្រាសាទព្រះដង្វាយ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204125059-1-scaled.jpg)
តួប្រាសាទតាក្របី
លោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកបានមានប្រសាសន៍ថា មិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃ នៅតំបន់ប្រាសាទតាក្របី និងតាមាន់នោះឡើយ។លោក ឈុំ សុជាត៖ នៅប្រាសាទតាក្របីនោះ វានៅកៀកព្រំដែន។ ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ ហើយយើងនៅត្រឹមព្រំដែនយើងហ្នឹង។ ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា ទៅហូបបាយហូបទឹកអីជាមួយគ្នាហ្នឹងណា។ អត់មានយាមកាមអីជុំគ្នាទេ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204124840-scaled.jpg)
ទាហានកម្ពុជាថតជាមួយប្រជាជនខ្មែរ
លោក ហុក សុវិទ្យា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកបានមានប្រសាសន៍ឲ្យដឹងថា ប្រាសាទតាក្របីនេះ អាចមានលទ្ធភាពរៀបចំ ជាតំបន់ទេសចរណ៍បាន។ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ និងថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់ ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្តមិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204125018-scaled.jpg)
ថតជាមួយទាហានសៀមនៅប្រាសាទតាក្របី
លោក ហុក សុវិទ្យា៖ ឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើង។ ថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់ហើយអស់។កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ហើយ។ ប៉ុន្តែលោកបានឲ្យដឹងថារៀងរាល់ថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួចជាពិសេសលោកយាយចាស់ៗតែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធីបន់ស្រន់បែបសាសនានៅប្រាសាទលើជួរភ្នំដងរែកនោះ។
![](https://www.cyclokhmerpost.com/wp-content/uploads/2021/12/IMG20211204124111-1-scaled.jpg)
គោបារ:ខាងលិចប្រាសាទតាក្របី
បើលោកអ្នកចង់ទៅទស្សនាប្រាសាទតាក្របីសូមកុំភ្លេចខ្ចប់បាយទឹកទៅផង ព្រោះនៅតំបន់ប្រាសាទនោះមិនមានតូបលក់បាយទឹកដូចតំបន់ទេសចរណ៍នានានោះឡើយ ៕