ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចបង្ក្រាបមេក្លោងក្រុមចាប់ជំរិតទារប្រាក់នៅខេត្តព្រះសីហនុ

សមត្ថកិច្ចបង្ក្រាបមេក្លោងក្រុមចាប់ជំរិតទារប្រាក់នៅខេត្តព្រះសីហនុ

ព័ត៌មាន សន្តិសុខនិងសង្គម

0 មត្តិ

ព្រះសីហនុ ៖ នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទីយប់កន្លងទៅស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅវេលាម៉ោង១៤ រសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួនហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួនជនជាតិចិនត្រូវបានពួកគេចាប់ជំរិត បានទារប្រាក់ចំនួន៣,៥០០$ ទើបព្រមដោះលែងវិញ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះស្រាវជ្រាវនិងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុដល់វេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំង សមត្ថកិច្ចយើងបានធ្វើការឃាត់រថយន្ត ១គ្រឿងម៉ាក ALPHARD ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 នៅផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ភេទប្រុស ជនជាតិខ្មែរនៅក្នុងរថយន្តព្រមទាំងរំដោះបាន ជនរងគ្រោះ១នាក់ភេទប្រុសជនជាតិចិន។ បន្ទាប់មកទៀតកម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ៣នាក់ភេទប្រុសជនជាតិចិនបន្ថែមទៀត នៅចំណុចសណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយមកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦រសៀល នៅចំណុច មុខសណ្ឋាគារស៊ីហ៊ូ ស្ថិតក្នុង ភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្ថែមចំនួន០៤នាក់ ភេទប្រុស ជនជាតិខ្មែរយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ។

ជនសង្ស័យមានចំនួន១០នាក់ ភេទប្រុស (ជនជាតិខ្មែរ៧នាក់ និងជនជាតិចិន៣នាក់) ។

សម្ភារវត្ថុតាងចាប់យកសរុបរថយន្តចំនួន ៣គ្រឿង កាំបិតស្នៀតចំនួន២ដើម(ខ្លី ១ដើម និង វែង ១ដើម) ពិលឆក់ចំនួន០៤ដើមទូរស័ព្ទដៃចំនួន ២១គ្រឿង កាតរឹងចំនួន ០៧សន្លឹក ម្សៅក្រាមសថ្លា(សង្ស័យជាសារធាតុញៀន)១កញ្ចប់ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១ឈុតស្លាកលេខរថយន្ត ១ផ្ទាំង ភ្នំពេញ 2AZ-8952និងកាបូបលុយ១ផងដែរ  ។

ករណីខាងលើនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះសីហនុកំពុងធ្វើការសួរនាំនិងបន្តនីតិវិធីតាមផ្លូវច្បាប់  ៕

អត្ថបទពាក់ព័ន្ធ